ឱតារាខ្មែរនិងអ្នកល្បី
មេត្តាប្រណីដល់សង្គម
កុំយកទឹកស្រាធ្វើជាធំ
ផ្សព្វផ្សាយគួបផ្សំពង្វក់ក្មេង។
អ្នកបានប្រាក់ខែពេញហោប៉ៅ
តែរាស្ត្រហ្មងសៅព្រោះវង្វេង
គ្រោះថ្នាក់បុកប៉ះស្លាប់ចាស់ក្មេង
សូរយំសំឡេងពេញដងផ្លូវ។
អួតរាង cute cuteលើកកែវស្រា
ពង្វក់នេត្រាក្មេងឥឡូវ
ភ្លេចការសិក្សាវង្វេងផ្លូវ
អនាគតត្រូវលិចលង់សូន្យ។
ធ្វើមាតិកាខ្វះសីលធម៌
សង្គមវឹកវរព្រាត់បងប្អូន
គំរូអាក្រក់បន្សល់កូន
វប្បធម៌សាបសូន្យព្រោះចំណេញ។
សូមឈប់ផ្សព្វផ្សាយលក់ទឹកស្រា
ដើម្បីដុល្លារមកបំពេញ
សេចក្តីសុខខ្លួនតែលក់ចេញ
នាំជាតិទោម្នេញខ្វះសីលធម៌។
ងាកមកបង្កើតអ្វីដែលថ្មី
កុំលក់សិរីបំផ្លាញធម៌
ផ្តើមផ្សាយចំណេះជាអំណរ
សង្គមត្រេកអរស្ញប់ស្ញែងអ្នក។
លុយចាយមិនយូរក៏គង់អស់
តែកេរ្តិ៍ឈ្មោះស្រស់តម្លៃម្នាក់
សូមឈប់ពង្វក់នាំក្មេងធ្លាក់
សង្គមត្រជាក់ជាតិរុងរឿង។
